ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ ស្របពេលមានការរំពឹងទុកនៃការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។ ប៉ុន្តែ ទោះជាយ៉ាងណា អត្រានៃការកើនឡើងមានកម្រិតទាបនៅឡើយ ខណៈសហរដ្ឋអាមេរិកបានចាប់ផ្តើមផលិតប្រេងឡើងវិញនៅឈូងសមុទ្រមិកសុិក បន្ទាប់ពីបានផ្អាកអស់មួយរយៈពេលដោយសារព្យុះ Francine។
តម្លៃប្រេងឆៅ Brent futuresសម្រាប់ចែកចាយលក់នៅខែវិច្ឆិកា បានកើនឡើង១៥សេន ឬ០,១%ដល់៧១,៧៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0015 GMT ខណៈតម្លៃប្រេងឆៅ WTI futures សម្រាប់ចែកចាយលក់នៅខែតុលាបានកើនឡើង២៣សេន ឬ០,៣%ដល់៦៨,៨៨ដុល្លារក្នុងមួយបារ៉ែល។
យោងតាមឧបករណ៍ CME FedWatch បានបង្ហាញថា បច្ចុប្បន្ន ទីផ្សារបង្កើនឱកាសដល់៥៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកំឡុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធសប្តាហ៍នេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានបន្តធ្លាក់ថ្លៃចុះមកនៅត្រឹម១០០,៨៤ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះបន្ទាប់ពីបិទការជួញដូរត្រឹម១០១,១១ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរយៈពេល២ថ្ងៃរបស់ធនាគារកណ្តាលអាមេរិកនៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន០,២៥ភាគរយ គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។
ទោះជាយ៉ាងណា ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចុះចំនួន០,២៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៨ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៤២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៣ភាគរយ៕