ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរីគ្រោងនឹងចាប់ផ្តើមសាងសង់ចំណតទី៥ នៅអាកាសយានដ្ឋាន Changi ក្នុងឆមាសទី១ ឆ្នាំ២០២៥ខាងមុខ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាពផ្ទុកអ្នកដំណើរកើនឡើង៥៦ភាគរយបើធៀបនឹងពេលបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រី Lawrence Wong បានប្រកាសថា គម្រោងស្ថាបនាចំណតថ្មីនេះមានគោលបំណងបង្កើនការតភ្ជាប់ប្រទេសសិង្ហបុរីទៅកាន់ទីក្រុងជាង២០០នៅលើពិភពលោក កើនឡើងពីចំនួនជិត១៥០ទីក្រុងនាពេលបច្ចុប្បន្ន។នេះបើយោងតាមការរាយការណ៍របស់កាសែត The Straits Times ។
ចំណតទី៥ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យសមត្ថភាពផ្ទុកអ្នកដំណើរប្រចាំឆ្នាំរបស់អាកាសយានដ្ឋាន Changi កើនឡើងចំនួន៥០លាននាក់ជារៀងរាល់ឆ្នាំ និងជំរុញឱ្យសមត្ថភាពសរុបរបស់អាកាសយានដ្ឋានទាំងមូលកើនឡើងដល់១៤០លាននាក់ នៅពេលបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០៣០។
លោក Wong បានលើកឡើងថា បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក កំពុងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះរបស់ពួកគេ ដើម្បីបំពេញកំណើនតម្រូវការជើងហោះហើរ។
លោកបានបន្តថា “ប្រទេសមួយចំនួនបានប្រកាសផែនការពង្រីកព្រលានយន្តហោះកាន់តែធំ ដើម្បីអាចផ្ទុកអ្នកដំណើរបានជាង១០០លាននាក់ក្នុងមួយឆ្នាំ។ ដូច្នេះ គម្លាតរវាងសមត្ថភាពរបស់ពួកគេជាមួយសិង្ហបុរី កំពុងរួមតូច ហើយយើងមិនអាចដេកនៅស្ងៀមបានទេ”។
បច្ចុប្បន្ន បណ្តាប្រទេសនានាក្នុងតំបន់អាស៊ានកំពុងធ្វើឱ្យប្រសើរឡើងនូវព្រលានយន្តហោះមានស្រាប់ និងសម្រុកសាងសង់ព្រលានយន្តហោះថ្មីៗបន្ថែមទៀត។
សមត្ថភាពគ្រប់គ្រងអ្នកដំណើរប្រចាំឆ្នាំសរុបរបស់ប្រទេសថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងកម្ពុជា នឹងកើនឡើងដល់ចំនួន៦៥៣លាននាក់នៅឆ្នាំ២០៣០។ ចំនួននេះមានការកើនឡើងជិត២ដង បើធៀបនឹងចំនួន៣៣៦លាននាក់គិតត្រឹមខែមករា ឆ្នាំមុន។ នេះបើយោងតាមការស្រាវជ្រាវរបស់សារពត៌មានជប៉ុន Nikkei Asia៕ប្រភព: Vnexpress៕