អ្នកអភិវឌ្ឍន៍អាល្លឺម៉ង់លើកឡើងពីកាលានុវត្តភាពវិនិយោគលើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជា

ដោយៈ និស្ស័យ

       ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Martin Herma អ្នកអភិវឌ្ឍន៍គម្រោងនៃអង្គការAtmosfair ដែលជាអង្គការមិនរកប្រាក់ចំណេ​ញ របស់ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីសមិទ្ធិលទ្ធភាព និងកាលានុវត្តភាពវិនិយោគ លើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជា។

ក្នុងជំនួបកាលពីថ្ងៃទី១២ កញ្ញា តំណាង Atmosfair បានជម្រាបជូនអំពីគោលបំណងរបស់ខ្លួន ក្នុងការស្វែងរកដៃគូក្នុងស្រុក ដើម្បីសហការវិនិយោគ លើគម្រោងថាមពលជីវម៉ាសសំដៅចូលរួមចំណែក ដល់ការបង្កើនបរិមាណ នៃថាមពលបៃតងនៅក្នុងស្រុក, តំបន់, និងសកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សមភាគីក៏បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង អំពីសក្តានុពលនៃឥណទានកាបូននៅកម្ពុជា ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ ជូនសហគ្រាសអាល្លឺម៉ង់ ហើយបានបង្ហាញជំនឿចិត្តថា នឹងមានឱកាស ក្នុងការសហការជាមួយភាគីពាក់ព័ន្ធលើកិច្ចការនេះនាពេលអនាគត។

ជាការឆ្លើយតប លោកសួន សុផលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមភាគី ដែលបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យ និងស្វែងយល់អំពីកិច្ចការថាមពលបៃតងនៅកម្ពុជា។

ឆ្លៀតឱកាសនេះ លោកក៏បានជម្រាបជូនសមភាគីអំពីបច្ចុប្បន្នភាពថ្មី នៃរបបវិនិយោគពាក់ព័ន្ធ នឹងថាមពលបៃតងដូចមានចែងក្នុងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកសួន សុផល ក៏បានលើកទឹកចិត្តសមភាគីឱ្យបន្តជួបពិភាក្សា ឱ្យបានស៊ីជម្រៅជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ សម្រាប់បម្រើជាមូលដ្ឋានដល់ការសម្រេចចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here