តម្លៃប្រេងបានស្ថិតនៅទ្រឹង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការព្រួយបារម្ភអំពីសញ្ញាធ្លាក់ចុះនៃតម្រូវការប្រេងសកលមានឥទ្ធិពលខ្លាំងជាងផលប៉ះពាល់របស់ព្យុះ Francine ទៅលើតំបន់ផលិតប្រេងនៅសហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែវិច្ឆិកា បានស្ថិតនៅទ្រឹងត្រឹម៧០,៨៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក WTI futures សម្រាប់ចែកចាយនៅខែតុលាបានស្ថិតនៅទ្រឹងត្រឹម៦៧,៥២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0044 GMT បន្ទាប់ពីបានកើនឡើងជាង១ដុល្លារកាលពីថ្ងៃពុធម្សិលមិញ។

យោងតាមរបាយការណ៍បង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅសហរដ្ឋអាមេរិកបានកើនឡើង០,២ភាគរយកាលពីខែសីហាធៀបនឹងខែកក្កដា ស្របតាមការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) នឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកំឡុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធ សប្តាហ៍ក្រោយ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០១,៧៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៦៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របតាមស្ថានភាពនៅសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street ដោយសារការស្ទុះងើបឡើងថ្លៃនៃភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីប។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន១,៤៤ភាគរយ គិតត្រឹមម៉ោង១០:៤៨នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃប្រមាណ២,៧៧ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានងើបឡើងថ្លៃចំនួន០,៩៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៥១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៥៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here