តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេងឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​ពុធនេះ ខណៈ​ក្រុមអ្នកវិនិយោគបានបង្ហាញក្តី​ព្រួយបារម្ភ​អំពី​ព្យុះ​ត្រូពិច Francine រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង ដោយបង្ខំឱ្យបណ្តាក្រុមហ៊ុនប្រេង និងឧស្ម័នអាមេរិកផ្អាកការផលិតនៅឈូងសមុទ្រម៉ិកស៊ិក។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៩សេន ឬ០,៦% ដល់៦៩,៥៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0031 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI futuresបានកើនឡើង៤៤សេន ឬ០,៧%ដល់៦៦,១៩ដុល្លារក្នុងមួយបារ៉ែល។

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយកំឡុងកិច្ចប្រជុំគោលនយោបាយនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៤៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៦៣ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីទិន្នន័យស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា អត្រាអ្នកអត់ការងារធ្វើនៅខែសីហាបានធ្លាក់ចុះមកនៅត្រឹម២,៤ភាគរយ ជាកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ១៩៩៩។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះចំនួន០,៣៣ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះប្រមាណ០,៨១ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចុះចំនួន១,៤៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៩២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៣០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here