តម្លៃប្រេងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយសារការថយចុះនៃតម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេសចិន ហើយហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការរបស់ពិភពលោកបានបន្តជះឥទ្ធិពលទៅលើទីផ្សារ។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៤សេន ឬ០,០៦% មកនៅត្រឹម៧២,៨០ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0334 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ១០សេន ឬ០,១៥% មកនៅត្រឹម៦៨,៦០ដុល្លារក្នុងមួយបារ៉ែល។
បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៧១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយកំឡុងកិច្ចប្រជុំគោលនយោបាយនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០១,៦៦ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៥៥ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីតម្លៃភាគហ៊ុននៅលើផ្សារហ៊ុនអាមេរិក Wall Street បានស្ទុះងើបឡើងវិញ គួបផ្សំនឹងការនាំចេញរបស់ប្រទេសចិននៅខែសីហាសម្រេចបានអត្រាកំណើនក្នុងរង្វង់៨,៧% លើសការរំពឹងទុក។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន០,១៤ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃប្រមាណ០,០៧៩ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានងើបឡើងថ្លៃចំនួន០,២៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៣ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,០៥៧ភាគរយ៕