តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្ដិចនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគ កំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅខែសីហា និងសន្ទស្សន៍តម្លៃផលិតករ(PPI) របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១២ភាគរយដល់២៥០២,២៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០២ភាគរយដល់២៥៣២,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥០៥,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៣២,៧០ដុល្លារក្នុងមួយអោន។

លោក Carlo Alberto De Casa អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Kinesis Money បានលើកឡើងថា“ប្រសិនបើអត្រាអតិផរណាអាមេរិកកើនឡើងទាបជាងការរំពឹងទុក និងបង្កើនក្តីសង្ឃឹមចំពោះការបញ្ចុះអត្រាការប្រាក់ចំនួន០,៥% នោះតម្លៃមាសអាចហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន”។

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៧១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយកំឡុងកិច្ចប្រជុំគោលនយោបាយនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០១,៦៦ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៥៥ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៧%ដល់២៨,៦៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១៣%ដល់៩៤៥,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៣%ដល់៩៤៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here