ថ្នាក់ដឹកនាំធនាគារSMBCបង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា

ថ្នាក់ដឹកនាំធនាគារSMBCបង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC)បានបង្ហាញឆន្ទៈវិនិយោគរយៈពេលវែងនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយថ្នាក់ដឹកនាំធនាគារខាងលើ ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃទី៩ កញ្ញាកន្លងមកនេះ។

ក្នុងជំនួបនេះ លោក Katsufumi បានជម្រាបជូនអំពីវឌ្ឍនភាព នៃការចូលរួមចំណែករបស់ធនាគារ SMBC ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគ ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី និងវត្តមានការិយាល័យតំណាង SMBCនៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូល និងស្រាវជ្រាវព័ត៌មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច។

លោក Katsufumi បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់SMBC ក្នុងការរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា តាមរយៈការវិនិយោគ នៅក្នុងគ្រឹះស្ថានធនាគារ និងការលើកកម្ពស់សមត្ថភាពជំនាញ ក្នុងវិស័យនេះ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើង របស់ធនាគារSMBC អំពីឆន្ទៈក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យពិចារណា ពង្រីកប្រតិបត្តិការផ្ទាល់នៅកម្ពុជា កាន់តែទូលំទូលាយ ដោយបង្កើនទំហំប្រតិបត្តិការ ទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ បន្ថែមលើវត្តមានការិយាល័យតំណាង ដែលកំពុងដំណើរការ ដើម្បីរួមចំណែកកាន់តែសកម្មក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។

ក្នុងឱកាសនោះដែរ លោកជំទាវទេសាភិបាល និងលោក Katsufumi ក៏បានលើកឡើងពីវឌ្ឍនភាព គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូតរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងជាដើមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here