តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងក្នុងកំឡុងពេលជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានពីលទ្ធភាពខ្យល់ព្យុះស៊ីក្លូនត្រូពិកអាចបោកបក់ទៅលើឆ្នេរសមុទ្ររដ្ឋតិចសាស់ និងរដ្ឋ Louisiana ដែលជាតំបន់ចម្រាញ់ប្រេងដ៏ធំរបស់អាមេរិក។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៩៩សេន ឬ១,៣៩%ដល់៧២,០៥ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១ដុល្លារ ឬ១,៤៨% ដល់៦៨,៦៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0146 GMT។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយប៉ុណ្ណោះកំឡុងកិច្ចប្រជុំគោលនយោបាយនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០១,២៧ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,១៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារឥទ្ធិពលនៃការដាំក្បាលចុះក្នុងផ្សារហ៊ុនជប៉ុន បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានធ្វើបច្ចុប្បន្នភាពកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រចាំត្រីមាសទី២ ដោយទាញទម្លាក់មកនៅត្រឹម២,៩% បើធៀបនឹងកំណើន៣,១ភាគរយនៅក្នុងរបាយការណ៍បឋម។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះចំនួន១,៣៦ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះប្រមាណ២,១៤ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចុះចំនួន១,៩១ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ១,០៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៩២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៨១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here