តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្ដិចនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមចំនួន១២៤.០០០កន្លែង កាលពីខែសីហា ហើយអត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះពី៤,៣ភាគរយមកនៅត្រឹម៤,២ភាគរយ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៦ភាគរយដល់២៤៩៨,៤០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៩ភាគរយដល់២៥២៦,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៤៩៧,០២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥២៤,៦០ដុល្លារក្នុងមួយអោន។
បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយប៉ុណ្ណោះកំឡុងកិច្ចប្រជុំគោលនយោបាយនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០១,២៧ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,១៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៦៣%ដល់២៨,៣៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង១,៨៦%ដល់៩៣៥,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,០៦%ដល់៩០៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕