តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ ខណៈទីផ្សារការងារនៅសហរដ្ឋអាមេរិកបានបង្ហាញសញ្ញាពីការធ្លាក់ចុះ។ ការណ៍នេះបាននាំឱ្យក្រុមអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងទំហំធំនៅខែកញ្ញានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់២៥១៧,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៥ភាគរយដល់២.៥៤៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១៦,៣២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៤៣,១០ដុល្លារក្នុងមួយអោន។

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៤១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥០ភាគរយនៅកំឡុងកិច្ចប្រជុំគោលនយោបាយនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃមកត្រឹម១០០,៩៩ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,១១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០២%ដល់២៩,១០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៤%ដល់៩៣២,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៨%ដល់៩៣១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here