តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃច័ន្ទនេះ

តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគរំពឹងទុកថា ចាប់ពីខែតុលាខាងមុខ អង្គការបណ្តាប្រទេសនាំចេញប្រេង (OPEC+) នឹងបង្កើនការផលិតប្រេងឡើងវិញ ទោះបីជាតម្រូវការនៅប្រទេសចិន និងសហរដ្ឋអាមេរិកបង្ហាញសញ្ញាថយចុះយ៉ាងណាក្តី។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ៥៧សេនមកនៅត្រឹម៧៦,៣៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0108 GMT ខណៈតម្លៃប្រេងឆៅ West Texas intermediate របស់អាមេរិកបានធ្លាក់ចុះ៥០សេនមកនៅត្រឹម៧៣,០៥ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក បានកើនឡើងស្របតាមការរំពឹងទុកក្នុងរង្វង់០,២ភាគរយកាលពីខែកក្កដា។

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញានេះ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៦៥ពិន្ទុ នៅព្រឹកថ្ងៃច័ន្ទនេះ  បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៧០ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីទិន្នន័យបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្ម(PMI) របស់ប្រទេសចិនបានដាំក្បាលចុះមកនៅត្រឹម៤៩,១ពិន្ទុក្នុងខែសីហា ជាកម្រិតទាបបំផុតក្នុងរយៈពេល៦ខែ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះចំនួន០,៣៧ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចុះប្រមាណ១,៧៧ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ១,២១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៦២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here