តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើងស្របតាមការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។ ប៉ុន្តែ បណ្តាអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារ Fed នៅខែកញ្ញានេះ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥ភាគរយដល់២៤៩៤,១១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២.៥២៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥០៣,០៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥២៧,៦០ដុល្លារក្នុងមួយអោន។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក បានកើនឡើងស្របតាមការរំពឹងទុកក្នុងរង្វង់០,២ភាគរយកាលពីខែកក្កដា។
បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញានេះ។នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៦៥ពិន្ទុ នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៧០ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,១៤%ដល់២៨,៨១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,១០%ដល់៩៣១,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៤%ដល់៩៦១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕