- តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងស្វែងរកភាពច្បាស់លាស់បន្ថែមទៀតអំពីទំហំនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) មុនពេលចេញផ្សាយរបាយការណ៍អតិផរណាក្នុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥ភាគរយដល់២៥១៥,៧៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២%ដល់២៥៤៩,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥២៤,៥៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៥២,៩០ដុល្លារក្នុងមួយអោន។
ទន្ទឹមនឹងនេះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលនូវរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) របស់សហរដ្ឋអាមេរិក ដោយគ្រោងចេញផ្សាយនៅថ្ងៃសុក្រ សប្តាហ៍នេះ។
បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងវិញបន្តិចដល់១០០,៧៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះមកនៅត្រឹម១០០,៥៥ពិន្ទុ ក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៥៥%ដល់២៩,៨១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,២៥%ដល់៩៦០,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានស្ថិតនៅទ្រឹងត្រឹម៩៥៨,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕