តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃអង្គារនេះ

តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានកើនឡើងយ៉ាងគំហុកកាលពីពេលថ្មីៗនេះ ដោយសារក្តីកង្វល់ចំពោះការរំខានការផ្គត់ផ្គង់ប្រេង បណ្តាលមកពីការភ័យខ្លាចការរីកសាយនៃជម្លោះកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា និងការបិទតំបន់ផលិតប្រេងនៅប្រទេសលីប៊ី។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣២សេនមកនៅត្រឹម៨១,១១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0154 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៣៦សេនមកនៅត្រឹម៧៧,០៦ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ទីផ្សារបន្តរំពឹងឃើញឱកាស៧១,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងបន្តិចដល់១០០,៨៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០០,៨៥ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍ប្រាក់ចំណូលពីក្រុមហ៊ុនផលិតបន្ទះឈីប Nvidia របស់អាមេរិក គួបផ្សំនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញភាពតានតឹងភូមិសាស្ត្រនយោបាយ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះចំនួន០,៤៨ភាគរយ គិតត្រឹមម៉ោង១០:៤៤នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៣៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៦១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤៦ភាគរយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here