តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃបន្តិចនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) បានបង្ហើបសញ្ញាពីការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាឆាប់ៗខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៤ភាគរយដល់២៥១១,៣៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៣%ដល់២.៥៤៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១០,៣២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៤៦,៣០ដុល្លារក្នុងមួយអោន។
លោក Jerome Powell បានថ្លែងថា “ពេលវេលាបានមកដល់ហើយសម្រាប់ធនាគារកណ្តាលអាមេរិកក្នុងការកាត់បន្ថយអត្រាការប្រាក់ ខណៈអត្រាអតិផរណាបានខិតជិតដល់គោលដៅ២% របស់ធនាគារ Fed”។ការណ៍នេះបានស្តែងឱ្យឃើញពីការគាំទ្ររបស់លោក Powell ចំពោះការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅពេលឆាប់ៗខាងមុខ។
បច្ចុប្បន្ន ទីផ្សារបន្តវិភាគឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញា។ នេះបើយោងតាមសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីដាំក្បាលចុះក្នុងពេលបិទការជួញដូរត្រឹម១០០,៧២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២%ដល់២៩,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,១២%ដល់៩៦៧,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៧%ដល់៩៤៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕