តម្លៃប្រេងបានស្ថិតនៅទ្រឹង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានប្រែប្រួលតិចតួច ឬអាចនិយាយបានថា ស្ថិតនៅទ្រឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយសារក្តីសង្ឃឹម​អំពី​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​ដោយ​ធនាគារ​កណ្តាល​អាមេរិក​ បានជួយប៉ះប៉ូវ​ការធ្លាក់ចុះនៃ​សេដ្ឋកិច្ច​​​អាមេរិក និង​ចិន។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៣សេនដល់៧៦,០៨ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures បានធ្លាក់ចុះ៥សេនមកត្រឹម៧១,៨៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល0036 GMT។
នាពេលនេះ ទីផ្សារកំពុងរង់ចាំការថ្លែងសុន្ទរកថាគន្លឹះរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ក្នុងសន្និសិទនៅថ្ងៃសុក្រស្អែក ដោយមានការចូលរួមពីមន្ត្រីធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកជំនាញទីផ្សារមកពីជុំវិញពិភពលោក។
បច្ចុប្បន្ន ទីផ្សារបន្តវិភាគឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញា។ នេះបើយោងតាមសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់១០១,២១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,០៤ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
ចំណែក ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលកូរ៉េ(BoK) បានសម្រេចរក្សាទុកអត្រាការប្រាក់គោលឱ្យស្ថិតនៅថេរក្នុងកម្រិត៣,៥ភាគរយស្របតាមការរំពឹងទុក។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានស្ថិតក្នុងសភាពទ្រឹង គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។
យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៤២ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៣៦ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,២៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២៨ភាគរយ៕
ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here