រដ្ឋមន្រ្តីកសិកម្មអះអាងថា កម្ពុជាលើកទឹកចិត្តលើការវិនិយោគក្នុងវិស័យកសិកម្ម
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងសាទលោកឌិត ទីណាបានថ្លែងថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ ក្នុងការជំរុញការនាំចេញកសិផលកម្ពុជា ទៅលើទីផ្សារអន្តរជាតិ។
លោកបានថ្លែងបែបនេះ ក្នុងពេលទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំកម្ពុជាកាលពីថ្ងៃទី២១ សីហា។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើវិស័យកសិកម្ម។
ចំពោះការវិនិយោគនេះទៀតសោត លោករដ្ឋមន្ដ្រីលើកទឹកចិត្តឱ្យមានការផ្តោតលើ ពាណិជ្ជកម្មកសិកម្ម ផ្សាភ្ជាប់នឹងនីតិវិធីច្បាប់ពិនិត្យអនាម័យ និងភូតគាមអនាម័យ។
លោកឌិត ទីណាបានបន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើន ដូចជា ប្រភេទឈើហូបផ្លែ និងផលិតផលជលផល ដែលមានគុណភាពល្អ និងមានផលចំណេញ។
មួយវិញទៀត លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍដែលជារឿងសំខាន់ ហើយប្រទេសទាំងពីរ អាចសហការក្នុងការផ្លាស់ប្តូរបទពិសោធ និងសិក្សាបច្ចេកទេសទៅវិញទៅមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មបង្កើនផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕