ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ដោយសារក្រុមអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះឱកាសនៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៦ភាគរយដល់២៥១៥,៣១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៧%ដល់២៥៥២,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១៣,៧៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៥០,៦០ដុល្លារក្នុងមួយអោន។
លោក Aakash Doshi អ្នកជំនាញប្រចាំនៅក្រុមហ៊ុនស្រាវជ្រាវ Citi Research អះអាងថា “តម្រូវការវិនិយោគជាកត្តាជំរុញចម្បងដែលជំរុញឱ្យតម្លៃមាសមានការប្រែប្រួល ខណៈមានការរំពឹងទុកនៃការចាប់ផ្តើមបន្ធូរបន្ថយគោលនយោបាយរបស់ធនាគារ Fed នៅក្នុងខែកញ្ញា”។
បច្ចុប្បន្ន ទីផ្សារបន្តសម្លឹងឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៤៤ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៥%ដល់២៩,៥៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣២%ដល់៩៥៨,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៦%ដល់៩១៦,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ ស្របពេលក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យនៃការស្ទង់មតិលើសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)របស់សហរដ្ឋអាមេរិក។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះចំនួន០,៤៣ភាគរយ គិតត្រឹមម៉ោង១០:៤៤នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៨៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៦១ភាគរយ៕