ដោយ: គង់ លាងហួរ
បាងកក: វិទ្យាស្ថានប្រេងរបស់ប្រទេសថៃកំពុងជំរុញឱ្យអាជ្ញាធរថាមពល និងកិច្ចការបរទេសជួបពិភាក្សាជាមួយកម្ពុជាលើការផលិតប្រេងរួមគ្នានៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ព្រោះថា មិនទាន់មានវឌ្ឍនភាពលើបញ្ហានេះចាប់តាំងពីដើមឆ្នាំ២០២៤មក។
បន្ទាប់ពីថ្នាក់ដឹកនាំកម្ពុជាបានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈមក គេនៅមិនទាន់ឃើញមានសំណើសុំការពិភាក្សាបន្ថែមទៀតនោះទេ។ នេះបើយោងតាមប្រភពនៅវិមានរដ្ឋាភិបាលថៃ ដែលសុំមិនបញ្ចេញឈ្មោះ។
លោក Kurujit Nakornthap នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងថៃបានលើកឡើងថា ប្រសិនបើប្រទេសថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីធានាឱ្យមានការចរចាប្រកបដោយជោគជ័យ ភាគីទាំង២នឹងទទួលបាននូវប្រភពថាមពលថ្មីមួយដែលអាចផ្តល់សន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក Kurujit ជឿជាក់ថា ការខ្វែងគំនិតគ្នាលើដែនសមុទ្ររវាងថៃ និងកម្ពុជា អាចត្រូវបានដោះស្រាយតាមរយៈការចរចា។
លោកបន្តថា “ប្រទេសថៃធ្លាប់មានជម្លោះទឹកដីស្រដៀងគ្នាជាមួយវៀតណាម។ប៉ុន្តែ បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងខែសីហា ឆ្នាំ១៩៩៧ ដោយត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ផលិតកម្មឧស្ម័ននៅឈូងសមុទ្រ ក្នុងរយៈពេល៥ឆ្នាំក្រោយពីមានដំណោះស្រាយ”។
លោក Kurujit បានមានប្រសាសន៍បញ្ជាក់ថា “ជោគជ័យដូចគ្នានេះអាចកើតឡើងម្ដងទៀត អាស្រ័យលើការប្តេជ្ញាចិត្តរបស់អាជ្ញាធរថៃក្នុងការជំរុញឱ្យមានការពិភាក្សាជាមួយប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់”។
អ្នកជំនាញរូបនេះជឿជាក់ថា ការអភិវឌ្ឍន៍រោងចក្រផលិតប្រេងថ្មីនៅក្នុងតំបន់ OCA នឹងមិនចំណាយពេលវេលាយូរទេ ដោយសារហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានស្ថាបនារួចជាស្រេច ចាប់តាំងពីប្រទេសថៃបានប្រទះឃើញឧស្ម័ននៅក្នុងឈូងសមុទ្រ។
ប្រទេសថៃមិនបានធ្វើការអភិវឌ្ឍន៍លើតំបន់អណ្តូងប្រេង និងឧស្ម័នថ្មីអស់រយៈពេលជាង១៥ឆ្នាំមកហើយ។ ការណ៍នេះបានបង្កឱ្យមានក្តីព្រួយបារម្ភចំពោះការថយចុះនៃការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដែលនឹងបង្ខំឱ្យថៃនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីក្រៅប្រទេសបន្ថែមទៀត៕ប្រភព: Bangkok Post៕