រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ទទួលបាន​ហិរញ្ញប្បទាន​ជាង១០០លាន​ដុល្លារសម្រាប់​គម្រោង​ទឹកស្អាត​ជំ​ហ៊ាន​ទី២

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ) បាន​ចុះ​កិច្ចព្រមព្រៀង​កម្ចី​បន្ត ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​កម្ចី​បន្ត​ជាង ១០១លាន​ដុល្លារ​អាមេរិក ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទទួលបាន​ហិរញ្ញប្បទាន​កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ រ.ទ.ស.ភ ដែល​បាន​ដាក់ជូន​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

រ.ទ.ស.ភ ត្រូវ​ទូទាត់​សង​ការប្រាក់​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាម​អត្រា​ថេរ(០,៤៨% ក្នុង​មួយឆ្នាំ) ដែល​កើនឡើង​ឬ​ថយចុះ​តាម​អត្រា​ស​ន្ទ​ស្សន៍ (Index Rate) នៅក្នុង​រយៈពេល​ចាប់ពី កាលបរិច្ឆេទ​ចុះហត្ថលេខា (២៤ ធ្នូ ២០១៩) រហូតដល់​កាលបរិច្ឆេទ​កំណត់​អត្រា (Rate Setting Date) បូក​បន្ថែម ០,៣៥% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ចី​មាន​រយៈពេល២០ឆ្នាំ រួមទាំង​រយៈពេល​អនុ​គ្រោះ​សង​ប្រាក់​ដើម៧ឆ្នាំ គិត​ចាប់ពី​កាលបរិច្ឆេទ​ចុះហត្ថលេខា នៃ​កិច្ចព្រមព្រៀង​កម្ចី​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ។

ការផ្តល់​ហិរញ្ញប្បទាន​កម្ចី​បន្ត​នេះ នឹងត្រូវ​ប្រើប្រាស់​លើ​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង (ជំ​ហ៊ាន២) ដែល​នឹងចូលរួម​ចំណែក​ពង្រីក​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត សម្រាប់​ការពង្រីក​នៅ​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​រួមមាន៖ ទី១ ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង (ជំហាន២) នឹង​បង្កើន​សមត្ថភាព​ផលិត​ពី ១៩៥.០០០ម៣/ថ្ងៃ ទៅ ៣៩០.០០០ ម៣/ថ្ងៃ ទី២ ពង្រីក​បណ្តាញ​ចែកចាយ​ទឹក ស្របតាម​ផែនការមេ​ផ្គត់ផ្គង់​ទឹក ២០១៦-២០៣០ និង​ទី៣ គាំទ្រ​លើ​ការងារ​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​សេវា​ផ្គត់ផ្គង់​ទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here