កម្ពុជា​រំពឹង​ទទួលបាន​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​និង​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ពិព័រណ៍​អាស៊ាន-ចិន​លើក​ទី១៧

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​អាស៊ាន-ចិន​លើក​ទី១៧ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាម​ប្រព័ន្ធ​វីដេអូ ខណៈ​វេទិកា​នេះ ក៏បាន​ផ្តល់នូវ​កាលានុវត្តភាព​ធំធេង​ដល់​កម្ពុជា ដើម្បី​ពង្រីក ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ និង​ទាក់ទាញ​វិនិយោគ​ផ្ទា​ល់ពី​បរទេស។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​បានឱ្យដឹង​ថា ពិព័រណ៍​ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​មូលបទ “រួមគ្នា កសាង​ខ្សែក្រវាត់​និង​ផ្លូវ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល” នេះ នឹង​ផ្តោតលើ​ការជំរុញ​ការស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​ក្រោយពី​វិបត្តិ​ជំងឺ​កូ​វីដ-១៩ និង​ការរក្សា​សន្ទុះ​រឹងមាំ នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​រវាង​អាស៊ាន និង​ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងការបរទេស​បាន​ឱ្យដឹងថា សន្ទរកថា​គន្លឹះ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​គូសបញ្ជាក់​ពី​ភាពចាំបាច់ ត្រូវ​ពង្រឹង​ការប្តេជ្ញា​ទ​ទ្រង់​គោលការណ៍​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច-សង្គម ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ ។

សម្តេច​តេ​ជោ​នឹង​សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​ឌីជីថល ដើម្បី​សម្រប​ទៅនឹង​កាលៈទេសៈ​ប្រក្រតីភាព​ថ្មី លើកកម្ពស់​ភាពរឹងមាំ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​និង​សម្រេចបាន​វឌ្ឍនភាព​បន្ថែមទៀត។

សម្តេច​តេ​ជោ ក៏​នឹងមាន​ប្រសាសន៍​ផងដែរ អំពី​ការខិតខំ​របស់​កម្ពុជា សំដៅ​ជំរុញ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​លើ​ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និង​រដ្ឋបាល​សាធារណៈ ព្រម​គ្នា​ជាមួយនឹង​ការអនុវត្ត​វិធានការ កែទម្រង់​យ៉ាង​មុត​ស្រួច ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ឲ្យ​បាន​កាន់តែ​ប្រសើរ។

ក្រសួង​បានឱ្យដឹងថា “ពិព័រណ៍​អាស៊ាន-ចិន គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា ក្នុង​វិស័យសេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន។ វេទិកា​នេះ​ក៏បាន​ផ្តល់នូវ​កាលានុវត្តភាព​ធំធេង​ដល់​កម្ពុជា ដើម្បី​ពង្រីក​នឹងធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ពង្រឹងពង្រីក​កិច្ចសហការ​លើ​គ្រប់​វិស័យ ជាមួយ​ប្រទេស​ទាំងអស់​ដែល​ចូលរួម​ពិព័រណ៍” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here