ដោយៈ រដ្ឋាភិបាលជប៉ុនតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយជាង១លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាត ពីបរិយាកាសសហគមន៍ក្នុងខេត្តចំនួន ៥។
ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជំហានទី៣ ដោយមានការគាំទ្រ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសាកល្បងបំពាក់ឧបករណ៍ ផលិតទឹកស្អាតពីបរិយាកាស សម្រាប់តំបន់ជនបទ ដែលជួបប្រទះបញ្ហាកង្វះខាត ប្រភពទឹកចំនួន៥ ខេត្តរួមមាន ក្នុងខេត្ដកំពត បាត់ដំបង ព្រះវិហារ បន្ទាយមានជ័យ និងឧត្ដរមានជ័យ។
ក្រសួងបានបញ្ជាក់ថា ឧបករណ៍ផលិតទឹកស្អាត ពីបរិយាកាស ជាបច្ចេកវិទ្យាទំនើបថ្មី ដែលអាចជួយឱ្យប្រជាពលរដ្ឋរស់នៅ តំបន់ជនបទដាច់ស្រយាល អាចមានលទ្ធភាពទទួលបាន ទឹកស្អាតសម្រាប់បរិភោគ។
ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក ស្រ៊ិន ពុទ្ធី បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើម កាលពីឆ្នាំ២០២០ និងបញ្ចប់នៅចុងឆ្នាំ២០២៤ នេះ។ គម្រោងនេះ ត្រូវបានផ្តល់ថវិកា១លានដុល្លារអាមេរិក របស់រដ្ឋាភិបាលជប៉ុន តាមរយៈធនាគារអភិវឌ្ឍអាស៊ី ដើម្បីសាងសង់ស្ថានីយ ឧបករណ៍ផលិតទឹកពីបរិយាកាស នៅកន្លែងគ្មានប្រភពទឹក ទាំងនៅលើដី និងក្រោមដី។
លោកបានបន្តថា “ការដាក់ឧបករណ៍ ផលិតទឹកស្អាតពីបរិយាកាសនេះ ផ្តល់ទឹកស្អាតឱ្យគាត់ប្រើប្រាស់។ វាជួយកាត់បន្ថយការប្រើប្រាស់ទឹក ដែលមិនស្អាតរបស់ពលរដ្ឋ ទៅជាការប្រើប្រាស់ទឹកស្អាតវិញ នៅតំបន់ជនបទ”។
លោកបានបន្ថែមថា ម្យ៉ាងវិញទៀត គម្រោងនេះចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ តាមរយៈនៃការផ្តល់ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដល់ពលរដ្ឋដែលនៅតំបន់ជនបទ។
លោកថ្លែងថា “ទឹកហ្នឹង យើងមិនចេះតែបណ្តោយឱ្យពលរដ្ឋប្រើទេ។ យើងសុទ្ធតែយកទៅធ្វើតេស្ត មើលគុណភាពទឹកនៅមន្ទីរពិសោធន៍”។ លោកបន្ថែមថា “អញ្ជឹងទឹកហ្នឹងល្អទាំងអស់ អត់មានប៉ះពាល់អីទេ”។
លោកបន្តថា ម៉ាស៊ីនសម្រាប់ស្រូបទឹក ពីបរិយាកាសនេះត្រូវបានទិញពីប្រទេស អ៊ីតាលី មក។
ជាមួយគ្នានេះ លោក ខៀវ តេង មេឃុំ តាកែន ស្ថិតក្នុងស្រុកឈូក ខេត្តកំពត បានឱ្យដឹងថា ស្ថានីយផលិតទឹកស្អាតពីបរិយាកាសត្រូវបានសាងសង់ និងដាក់ឱ្យដំណើរក្នុងឃុំ តាកែន ជិតមួយឆ្នាំមកហើយ។ ស្ថានីយនេះផលិតទឹក បានចន្លោះពី ១០០លីត្រ ទៅ២០០លីត្រក្នុងមួយថ្ងៃ ដែលអាចផ្តង់ផ្គត់ទឹកស្អាតដល់ពលរដ្ឋ រាប់រយគ្រួសារនៅក្នុងភូមិចំនួន៤ ស្ថិតក្នុងឃុំ តាកែន។
លោកមេឃុំបញ្ជាក់ថា “តំបន់ខ្ញុំខ្វះទឹកស្អាត ពិសេសរដូវប្រាំង។ ទោះបីមិនបានពលរដ្ឋប្រើប្រាស់គ្រប់គ្នា ក៏វាបានខ្លះដែរ”។ លោកបន្តថា “បងប្អូនហូបទឹកហ្នឹង ទៅមានសុខភាពល្អដែរហ្នឹង។ ទឹកត្រពាំង អណ្តូងមិនល្អ អត់មានសុវត្ថិភាពទេ”។
ទោះយ៉ាងណា ដើម្បីទទួលបានទឹកពីស្ថានីយនេះ យកទៅបរិភោគ ពលរដ្ឋតម្រូវឱ្យជួយបង់កម្រៃសេវា ចំនួន២ពាន់រៀលក្នុងទឹក១ប៊ីដុងចំណុះ២០លីត្រ។
ការផ្តល់ទឹកដោយគិតកម្រៃសេវានេះ គឺដើម្បីធានានិរន្តរភាព នៃដំណើរការស្ថានីយផលិតទឹកនេះ។ នេះមិនមែនជាកម្រៃលក់ទឹកទេ តែជាកម្រៃយកទៅ ដើម្បីប្រតិបត្តិការ និងថែរទាំស្ថានីយ។ ក្នុងនោះទឹកប្រាក់មួយចំនួនទៀត គឺសន្សំទុក សម្រាប់ប្រើប្រាស់ ពេលម៉ាស៊ីន ឬឧបករណ៍ខូចខាត សម្រាប់ទិញម៉ូតូ ឬគោយន្តសម្រាប់ដឹកជញ្ជូន និងរៀបចំបរិស្ថានបន្ថែមទៀតនៅជុំវិញទីធ្លាស្ថានីយជាដើម ព្រោះទឹកត្រូវបានស្រូបពីបរិយាកាស។ នេះបើយោងតាមវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្រសួងបញ្ជាក់ថា “យើងក៏គិតពីបញ្ហាប្រឈមដែរ ដែលទាមទារឱ្យមានការគ្រប់គ្រង ភាពជាម្ចាស់របស់សហគមន៍ ត្រូវប្រគល់ស្ថានីយហ្នឹងឱ្យសហគមន៍”។
ចឹងមានសហគមន៍សម្រាប់គ្រប់គ្រង ប្រសិនបើអត់មានការគ្រប់គ្រង ថែរទាំមិនបានល្អទេ វាធ្វើឱ្យស្ថានីយនេះមិនដំណើរការទេ។
បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបន្តអនុវត្តន៍ផែនការសកម្មភាពជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ។ មកដល់ពេលនេះ អត្រាគ្របដណ្ដប់ ទឹកស្អាត និងអនាម័យជនបទ ទូទាំងប្រទេស សម្រេចបានប្រមាណ៨១ភាគរយ និងឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបាននូវអត្រាគ្រប់ដណ្ដប់១០០ភាគរយ៕