សេដ្ឋវិទូ ADB ការពង្រឹង​អាជីវកម្ម SME នឹង​ក្លាយ​គន្លឹះ​សំខាន់​មួយ​ក្នុង​ការស្តារ​សេដ្ឋកិច្ចនៅ​តំបន់​អាស៊ីអាគ្នេយ៍

ដោយៈ​សាវុធ

ភ្នំពេញៈ ការពង្រឹង​អាជីវកម្ម​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs) ជាមួយនឹង​ការច្នៃប្រឌិត និង​អន្តរ​ជាតូបនីយកម្ម នឹង​ក្លាយជា​គន្លឹះ​មួយ​ក្នុងការ​ធ្វើឱ្យ​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩ មានការ​ងើបឡើង​វិញ​លឿន។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

សហគ្រាស​ខ្នាតតូច និង​មធ្យម គឺជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​មួយ នៅក្នុង​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍ ដែលមាន​អត្រា​ជា​មធ្យម ៩៧%នៃ​សហគ្រាស​ទាំងអស់ និង៦៩%នៃ​កម្លាំង​ពលកម្ម​ជាតិ​ចាប់ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ ២០១៩ ។ សហគ្រាស​ខ្នាតតូច​និង​មធ្យម បាន​ចូលរួម​វិភាគទាន​ជា​មធ្យម ៤១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេសនីមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Yasuyuki Sawada ប្រធាន​សេដ្ឋវិទូ​របស់ ADB មានប្រសាសន៍ថា “សហគ្រាស​ខ្នាតតូច និង​មធ្យម នៅក្នុង​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍ ផ្តោត​សំខាន់​លើ​ទីផ្សារ​ក្នុងស្រុក ហើយ​កម្រិត​នៃ​ភាពជា​សហគ្រិន​របស់​ពួកគេ នៅតែមាន​កម្រិត​ទាប​បំផុត។ លោក​បន្តថា “ការគាំទ្រ​ដល់​ការអភិវឌ្ឍ សហគ្រាស​ខ្នាតតូច​និង​មធ្យម ជាពិសេស​ក្នុងការ​ទទួលយក​បច្ចេក​វិទ្យា​និង​ការចូលរួម​នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក នឹង​រួមចំណែក​ដល់​ការលូតលាស់ និង​ជំនួយ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩” ។

លោក​បាន​ថ្លែងថា “យើង​ជឿជាក់ថា​របាយការណ៍​ថ្មី​ស្តីពី ត្រួតពិនិត្យ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​អាស៊ី (ASM)  ២០២០ ដែល​ផ្តល់​ទិន្នន័យ និង​វិភាគ​យ៉ាងច្រើន​លើ​ការអភិវឌ្ឍ​សហគ្រាស​ខ្នាតតូច​និង​មធ្យម នៅ​អាស៊ីអាគ្នេយ៍ មុនពេល​ជំងឺ​រាតត្បាត នឹង​ក្លាយជា​គោល​ការ​មួយ ក្នុង​ការជួយ​ដល់​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​តំបន់” ។

របាយការណ៍ ASM ថ្មី​នេះ ដែល​ចេញផ្សាយ​កាលពីថ្មីៗនេះ បង្ហាញ​ពី​ការវាយតម្លៃ​លម្អិត​អំពី​បញ្ហា​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ ក្នុង​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​អាស៊ីអាគ្នេយ៍​ទាំង​នៅ​ប្រទេស និង​ថ្នាក់​តំបន់។ វា​ក៏​វិភាគ​អំពី​គោលនយោបាយ​និង​បទ​ប្បញ្ញត្តិ​ជុំវិញ​ការអភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម  និង​ការទទួលបាន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេសនីមួយៗនៅ​អាស៊ីអាគ្នេយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here