APFបន្តជំរុញ និងចែករំលែកនូវព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោក Geoffroy Roux De Bézieux បានថ្លែងថា ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៨ កក្កដា លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីភាពជាដៃគូដ៏ល្អប្រសើរក៏ដូចជាការភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរហើយតាមរយៈដំណើរទស្សនកិច្ចនេះលោកប្រធាននឹងបន្តជំរុញនិងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំងឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

ព្រមជាមួយគ្នានេះ លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលាឆ្នាំ២០២៤នៅសាធារណរដ្ឋបារាំងហើយក៏បានជម្រាបជូនសម្ដេចធិបតីថាប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជានិងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថាការរៀបចំកិច្ចប្រជុំកំពូលនេះ នឹងជាឱកាស ក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Geoffroy Roux De Bézieux និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជានិងបារាំងក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងវិស័យឯកជនរវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជាបារាំងឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយសម្តេចធិបតី ក៏បានរំឭកផងដែរអំពីជំនួបរបស់សម្ដេច ជាមួយលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងក្នុងអំឡុងពេលដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងកាលពីខែមករាឆ្នាំ២០២៤។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើម ក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំង ថ្នាក់តំបន់នៅកម្ពុជា។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានសម្ដែងនូវក្តីរីករាយចំពោះក្រុមហ៊ុនបារាំងដែលបានមកបោះទុនវិនិយោគនៅកម្ពុជាដែលនេះបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លារបស់វិនិយោគិនបារាំងហើយសម្ដេចធិបតីសង្ឃឹមថាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង ដែលបានគាំទ្របេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធាន APF និងគណ:ប្រតិភូ អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការ ដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតប ទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here