ក្រុមហ៊ុនCAICចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអន្តរជាតិធំមួយ ដើម្បីលក់ទំនិញររួចពន្ឋនៅព្រលានយន្តហោះតេជោ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនCAIC បានយល់ព្រមចុះកិច្ចសន្យារយៈពេល១២ឆ្នាំ ជាមួយក្រុមហ៊ុនLagardère Travel Retail SAS និងដៃគូសហការ ក្នុងស្រុកHSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សំលៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ នៅព្រលានយន្តអន្តរជាតិតេជោ។

ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងបើកដំណើរការនៅឆ្នាំ ២០២៥ ខណៈការសាងសង់សម្រេចបាន៧៨ភាគរយ។

ក្រុមហ៊ុន CAIC មានបំណងកែលម្អទិដ្ឋភាព និង​បទពិសោ​ធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់នៅអាកាស​យានដ្ឋាននេះ ដែលជា​ច្រកទ្វារអន្តរជាតិ ​នាពេលអនាគតរបស់កម្ពុជា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន៣៤ ដោយការវិនិយោគខា្នត​ធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។ ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់ លើខ្សែសង្វាក់អាជីវកម្មចំនួន៣ ដែលមានហាងលក់ទំនិញរួចពន្ធលំដាប់ខ្ពស់ ហាងលក់ទំនិញទំនើបនិងភោជ​នីយដ្ឋាន ហាងផ្ដល់សេវាកម្មម្ហូបអាហារ ដែលពុំធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារសម្រាប់ធ្វើដំណើរ ដែលនឹងបំពេញនូវតម្រូវការចម្រុះរបស់អ្នកដំណើរសម័យថ្មី។

លោកឧកញ៉ា ឆារស៏ វ៉ាន់ អភិបាលនៃក្រុមហ៊ុនកាណាឌីយ៉ាគ្រុប មានប្រសាសន៍ថា “យើងជឿជាក់ថា កិច្ចសហការជាមួយក្រុមហ៊ុនLagardère Travel Retail SAS នឹងលើកកម្ពស់កិត្តិនាម អាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្តល់ជូននូវបទពិសោធន៍ថ្មី នៃការផ្តល់សេវាលក់ទំនិញ និងអាហា​រដល់អ្នកដំណើរ”។

ចំណែកអ្នកស្រី Séverine Lanthier នាយិកាផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិកាផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍ មានប្រសាសន៍ថា “កិច្ចសន្យានេះ បើកនូវទំព័រថ្មីនៃប្រតិបត្តិការរបស់យើងនៅតំបន់អាស៊ី។

លោកស្រីបានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ និងដៃគូសហការរបស់យើង ដែលបានផ្ដល់ការគាំទ្រដល់យើង ក្នុងការ​បង្កើតកិច្ចសហការថ្មីនេះ”។ លោកស្រីបន្ថែមថា “ខ្ញុំជឿជាក់ថា តាមរយៈគំរូនៃការបែងចែកប្រាក់ចំណេញ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ យើងនឹងលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរនៅអាស៊ីខាងត្បូង និងអន្តរជាតិ ឲ្យកាន់តែល្អមួយកម្រិ​តទៀត”។

គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ប្រមាណ ៧៨ភាគរយ ដោយបានចំណាយថវិការប្រមាណ១,១ពាន់លានដុល្លារ ហើយគ្រោងចាប់ផ្ដើមប្រតិបត្តិការ នៅដើមឆ្នាំ ២០២៥ ដែលអាចទទួលអ្នកដំណើរឆ្លងកាត់ បានចំនួន១៣លាននាក់ក្នុងមួយឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here