តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈរបាយការណ៍បង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលការណ៍នេះជំរុញឱ្យមានការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការប្រើប្រាស់ប្រេងនៅអាមេរិក។

តម្លៃប្រេងឆៅប្រេងឆៅ Brent futuresបានធ្លាក់ចុះ៣០សេនមកត្រឹម៨៤,១៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0028 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futuresបានធ្លាក់ចុះ៣២សេនមកនៅត្រឹម៨០,៥៨ដុល្លារក្នុងមួយបារ៉ែល។

លោកស្រី Michelle Bowman ទេសាភិបាលធនាគារ Fed  បានលើកឡើងថា ការរក្សាទុកអត្រាការប្រាក់ឱ្យស្ថិតនៅថេរក្នុងរយៈពេលវែង ប្រហែលជាគ្រប់គ្រាន់ក្នុងការទាញអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រង។ ប៉ុន្តែ លោកស្រីបានក្រើនរំលឹកឡើងវិញនូវឆន្ទៈ ក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀតប្រសិនបើចាំបាច់។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយនៅថ្ងៃអង្គារ សប្តាហ៍នេះ បានបង្ហាញថា ទំនុកចិត្តអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែមិថុនា ស្របពេលមានការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ច។ ប៉ុន្តែ ប្រជាជនអាមេរិកនៅតែបន្តមានសុទិដ្ឋិនិយមលើទីផ្សារការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦២,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៩៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈតម្លៃប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានដាំក្បាលចុះក្នុងការជួញដូរនៅត្រឹម១៦០,៨២យ៉េនក្នុងមួយដុល្លារកាលពីថ្ងៃពុធ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៣៨ឆ្នាំកន្លងមកនេះ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៧៧ភាគរយគិតត្រឹមម៉ោង១០:២៤នាទីព្រឹក។

ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៩៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១,៨៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៦០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៦៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៩៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here