តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណានៅសហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.២៩៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៣%ដល់២៣១០,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:២០នាទីព្រឹក។

លោកស្រី Michelle Bowman ទេសាភិបាលធនាគារ Fed  បានលើកឡើងថា ការរក្សាទុកអត្រាការប្រាក់ឱ្យស្ថិតនៅថេរក្នុងរយៈពេលវែង ប្រហែលជាគ្រប់គ្រាន់ក្នុងការទាញអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រង។ ប៉ុន្តែ លោកស្រីបានក្រើនរំលឹកឡើងវិញនូវឆន្ទៈ ក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀតប្រសិនបើចាំបាច់។

យោងតាមទិន្នន័យ ដែលបានចេញផ្សាយនៅថ្ងៃអង្គារ សប្តាហ៍នេះ បានបង្ហាញថា ទំនុកចិត្តអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែមិថុនា ស្របពេលមានការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ច។ ប៉ុន្តែ ប្រជាជនអាមេរិកនៅតែបន្តមានសុទិដ្ឋិនិយមលើទីផ្សារការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦២,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៩៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦៦%ដល់២៨,៧៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៩៩%ដល់១០២៥,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៩%ដល់៩២២,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២១នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here