តម្លៃប្រេងបានធ្លាក់ចុះ ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ បន្ទាប់ពីវិទ្យាស្ថានប្រេងអាមេរិក (API) បានរាយការណ៍ថា ស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក បានកើនឡើងចំនួន៩១៤.០០០បារ៉ែលនៅសប្តាហ៍មុន ដែលតួលេខនេះជាសញ្ញាបង្ហាញពីការថយចុះនៃតម្រូវការ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៩សេន មកនៅត្រឹម៨៤,៨២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0023 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១១សេនមកនៅត្រឹម៨០,៧២ដុល្លារក្នុងមួយបារ៉ែល។

លោក Austan Goolsbee ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Chicago បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNBC ថា “លោកនៅតែបន្តចង់ឃើញអតិផរណាធ្លាក់ចុះបន្ថែមទៀត មុននឹងបើកទ្វារឆ្ពោះទៅរកការកាត់បន្ថយអត្រាការប្រាក់”។

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៦៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

ចំណែកឯ ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ី បានប្រឈមភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃពុធនេះ ខណៈអត្រាអតិផរណានៅប្រទេសអូស្ត្រាលីក្នុងខែឧសភាបានកើនឡើងលើសពីការរំពឹងទុក ដែលការណ៍នេះអាចជំរុញឱ្យធនាគារកណ្តាលអូស្ត្រាលី(RBA) ដំឡើងអត្រាការប្រាក់។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,១២ភាគរយគិតត្រឹមម៉ោង១០:២៩នាទីព្រឹក។

ប៉ុន្តែ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,១៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៧៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,២១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here