តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២៣១៩,៥០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២.៣៣១ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

លោក Austan Goolsbee ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Chicago បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNBC ថា “លោកនៅតែបន្តចង់ឃើញអតិផរណាធ្លាក់ចុះបន្ថែមទៀត មុននឹងបើកទ្វារឆ្ពោះទៅរកការកាត់បន្ថយអត្រាការប្រាក់”។

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៦៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៧%ដល់២៨,៩៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៦%ដល់៩៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៣%ដល់៩៣៦,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៧នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here