អភិបាលខេត្តកំពតយកវិស័យទេសចរណ៍ជាអាទិភាពទី១

ដោយៈ គង់ សូរិយា

        កំពតៈ  អភិបាលខេត្តកំពត លោកម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយ ក្នុងចំណោមខេត្តទាំងបួន ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍។

លោកបញ្ជាក់ថា “អាជ្ញាធរខេត្តបានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបងនឹងមុនគេ ក្នុងចំណោមវិស័យផ្សេងៗទៀត ដែលមានសក្តានុពលក្នុងខេត្ត”។

លោកអភិបាលខេត្តបានបន្តថា គោលដៅចំបងដែលអាជ្ញាធរខេត្ត ជ្រើសរើសយកវិស័យទេសចរណ៍នេះ មកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពត មានទីតាំងជាច្រើនដែលពោរពេញ ទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃ ដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះគឺផ្តោតទៅលើការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលខេត្ត បានលើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត។

លោកបានបញ្ជាក់ថា ក្រោយពិសមិទ្ធផលទេសចរណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែង ត្រូវបានរៀ​បចំឱ្យមានភាពទាក់ទាញ លំហូរភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពត មានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងឱកាសនោះដែរ លោកម៉ៅ ធនិនបានស្នើដល់ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកទាំងអស់បន្តគាំទ្រ និងសហការជាមួយរដ្ឋបាលខេត្តកំពត ឱ្យបានស្អិតរមួតក្នុងការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន បន្តទៅមុខទៀត និងបន្តជួយគាំទ្រ ផ្តល់មតិយោបល់ផ្សេងៗ លើគម្រោងអភិវឌ្ឍន៍នានា ដែលរដ្ឋបាលខេត្តបានដាក់ចេញ ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងទូទាំងប្រទេស។

លោកបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត កំពុងចាប់ផ្តើមសាងសង់នាឡិការយក្សមួយបន្ថែមទៀត បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលនាឡិការយក្យនេះ មានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត១០ម៉ែត្រ ហើយត្រូវបានរចនាឡើង ទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាទ ដោយលេខម៉ោង គឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ ហើយរដ្ឋបាលខេត្ត ក៏នឹងចាប់ផ្តើមដំណើរការរៀបចំឆ្នេរសមុទ្រកម្សាន្ត ជាបណ្តើរៗនៅចុងខែមិថុនានេះ។

ជាមួយគ្នានេះដែរ លោកតាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត សម្រាប់ក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី៤នេះ និងបន្តខិតខំប្រឹងប្រែង រួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ដែលមានសក្តានុពលក្នុងខេត្ត ក្នុងន័យដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here