តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងតិចតួចនៅថ្ងៃអង្គារនេះ ដោយសារតែអ្នកវិនិយោគបង្ហាញការព្រួយបារម្ភអំពីបញ្ហាផ្គត់ផ្គង់ប្រេង ដែលបណ្តាលមកពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងការវាយប្រហាររបស់ប្រទេសអ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែសីហាបានកើនឡើង៧សេនដល់៨៦,០៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0015 GMT ខណៈតម្លៃប្រេងឆៅអាមេរិក WTI futures បានកើនឡើង១១សេនដល់៨១,៧៤ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ លោកស្រី Mary Daly ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង San Francisco  បានថ្លែងថា “យើងនៅតែមានការងារត្រូវធ្វើបន្ថែមទៀត មុនពេលធនាគារ Fed អាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគគ្រោងផ្តោតមើលយ៉ាងដិតដល់ទៅលើសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលជាសូចនាករអតិផរណាដ៏សំខាន់មួយរបស់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៤៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ខណៈពេលដែលក្រុមវិនិយោគិនបានសម្រុកលក់ចេញភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់សហរដ្ឋអាមេរិក ដើម្បីងាកទៅបោះទុនលើ វិស័យផ្សេងទៀតដូចជាធនាគារ និងថាមពល។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃប្រមាណ០,២៦ភាគរយគិតត្រឹមម៉ោង១០:១៨នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៣០ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៩៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here