តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលតម្រុយស្តីពីអត្រាអតិផរណារបស់សហរដ្ឋអាមេរិក ដែលនឹងអាចជះឥទ្ធិពលលើការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៧%ដល់២៣២៦,៦៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៩%ដល់២៣៣៧,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០៥នាទីព្រឹក។

កាលពីថ្ងៃច័ន្ទម្សិលមិញនេះ លោកស្រី Mary Daly ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង San Francisco  បានថ្លែងថា “យើងនៅតែមានការងារត្រូវធ្វើបន្ថែមទៀត មុនពេលធនាគារ Fed អាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគគ្រោងផ្តោតមើលយ៉ាងដិតដល់ទៅលើសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលជាសូចនាករអតិផរណាដ៏សំខាន់មួយរបស់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៥,៤៣ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៤%ដល់២៩,៣៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,១៨%ដល់១០០៣,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩៦%ដល់៩៨៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៦នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here