ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ខណៈដែលប្រាក់ដុល្លារបន្តងើបឡើងថ្លៃ បន្ទាប់ពីមានក្តីបារម្ភអំពីការរក្សាអត្រាការប្រាក់ឱ្យស្ថិតក្នុងកម្រិតខ្ពស់សម្រាប់រយៈពេលវែង ដែលការណ៍នេះធ្វើឱ្យទំនុកចិត្តអ្នកវិនិយោគថយចុះ។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤០សេន មកត្រឹម៨៤,៨៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0036 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ៣៩សេនមកត្រឹម៨០,៣៤ដុល្លារក្នុងមួយបារ៉ែល។
នៅថ្ងៃសុក្រសប្តាហ៍នេះ បណ្តាអ្នកវិនិយោគគ្រោងនឹងផ្តោតមើលយ៉ាងដិតដល់ទៅលើសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលជាសូចនាករអតិផរណាដ៏សំខាន់មួយរបស់ធនាគារកណ្តាលអាមេរិក។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៨៤ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីធនាគារកណ្តាលជប៉ុន(BoJ) បានអះអាងថា ខ្លួនបានពិភាក្សាគ្នាអំពីការដំឡើងអត្រាការប្រាក់ក្នុងអំឡុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុប្រចាំខែមិថុនា។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,៧៦ភាគរយគិតត្រឹមម៉ោង១០:២៧នាទីព្រឹក។
យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៩៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,១២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៦៦ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៧១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៧០ភាគរយ៕