ចិនជំរុញឱ្យឥណ្ឌាចាប់ផ្តើមបើកជើងហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំង២

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនកំពុងជំរុញឱ្យឥណ្ឌា ចាប់ផ្តើមបើកជើងហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំង២ បន្ទាប់ពីផ្អាកអស់រយៈពេល៤ឆ្នាំកន្លងមក។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

ប៉ុន្តែយ៉ាងណាមិញ ទីក្រុងញូវដែលីបានបដិសេធចំពោះសំណើនេះ ខណៈជម្លោះព្រំដែនរវាងឥណ្ឌា និងចិននៅតែបន្តជះផលប៉ះពាល់ ទៅលើទំនាក់ទំនងរវាងប្រទេសទាំង២ ដែលមានប្រជាជនច្រើនបំផុតលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំនាក់ទំនងរវាងឥណ្ឌា និងចិនមានភាពតានតឹង គិតចាប់តាំងពីផ្ទុះ ការប្រឈមមុខដាក់គ្នាខាងយោធា នៅតាមព្រំដែនHimalayan ដែលបានសម្លាប់ជនជាតិឥណ្ឌា២០នាក់ និងទាហានចិនយ៉ាងតិច៤នាក់ ក្នុងខែមិថុនាឆ្នាំ២០២០។ បច្ចុប្បន្ន ទាហានរាប់ពាន់នាក់ នៅតែបន្តចល័តនៅសងខាង ច្រកព្រំដែនរវាងប្រទេសទាំង២។

ចាប់តាំងពីផ្ទុះការប៉ះទង្គិចគ្នាមក ឥណ្ឌាបានបង្កការលំបាកដល់ក្រុមហ៊ុនចិន ក្នុងការវិនិយោគ ដោយបានហាមឃាត់កម្មវិធី App ពេញនិយមរបស់ចិន និងកាត់ផ្តាច់ផ្លូវហោះហើរដឹកអ្នកដំណើរ។ ប៉ុន្តែជើងហោះហើរ ដឹកទំនិញផ្ទាល់នៅតែដំណើរការរវាងមហាយក្សអាស៊ីទាំង២។

ប្រសិនបើឥណ្ឌាឯកភាព បើកការហោះហើរត្រង់ឡើងវិញជាមួយប្រទេសចិន នោះការណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំង២។

ប៉ុន្តែនៅត្រង់ចំណុចនេះ ភាគីចិនអាចទទួលបានផលចំណេញខ្ពស់ជាងឥណ្ឌា ព្រោះជនជាតិចិន ដែលធ្វើដំណើរទៅក្រៅប្រទេសនាពេលបច្ចុប្បន្ន មានចំនួនមិនច្រើនដូចកាលពីមុនផ្ទុះជំងឺកូវីដ-១៩នោះទេ។ ផ្ទុយទៅវិញ ចំនួនពលរដ្ឋឥណ្ឌា ដែលធ្វើដំណើរទៅក្រៅប្រទេស កំពុងមានការកើនឡើងយ៉ាងខ្លាំង។

ក្រសួងការបរទេសចិន បានបញ្ជាក់ប្រាប់សារពត៌មាន Reuters ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីសប្តាហ៍មុនថា “យើងសង្ឃឹមថា ភាគីឥណ្ឌានឹងធ្វើការជាមួយប្រទេសចិន ក្នុងទិសដៅដូចគ្នា សម្រាប់ការចាប់ផ្តើមជើងហោះហើរត្រង់ ឡើងវិញ ដែលនឹងបម្រើជាផលប្រយោជន៍ របស់ប្រទេសទាំង២”៕ប្រភព: Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here