មន្រ្តីក្រសួងកសិកម្មចុះពិនិត្យការរីករាលដាលនួវដង្កូវកំពុង រាតត្បាតដំណាំស្រូវ

ដោយៈ គង់ ម៉ាលីនណា

        កំពង់ស្ពឺៈ  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកងិន ឆាយបានបន្តចុះពិនិត្យការផ្ទុះរាលដាលដង្កូវ និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្ម កម្ចាត់ដង្កូវនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការបន្តចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវតាមរយៈការណែនាំ និងផ្តល់សៀវ​ភៅ ស្តីពីវិធានការចម្រុះគ្រប់សមាសភាពចង្រៃលើដំណាំស្រូវ និងបច្ចេកទេស ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេស ដែលអាចចៀសវាងផលប៉ះពាល់ ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកងិន ឆាយបានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងដង្កូវហ្វូងនៅឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនានេះ ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវ របស់ប្រជាកសិករនៅ ខេត្តកំពង់ស្ពឺ ប្រមាណជា៦៥ហិកតាប៉ុណ្ណោះ  ខណៈមកដល់ថ្ងៃទី២៣ ខែមិថុនានេះ ផលប៉ះពាល់ដំណាំស្រូវ មានចំនួនប្រហែលជាជិត២០០ហិកតា។

លោកបន្តថា “បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវ ក្នុងការចុះពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់ ឱ្យបានទាន់ពេលទេនោះ ដង្កូវហ្វូង អាចបំផ្លាញដំណាំស្រូវឬដំណាំផ្សេងៗទៀត ក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង”។

លោកងិន ឆាយបានបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រ នៃការជ្រើសរើសថ្នាំកសិកម្ម សម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here