តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ ខណៈពេលដែលទិន្នន័យបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានបង្ហាញសញ្ញានៃការធ្លាក់ចុះ ដែលការណ៍នេះជំរុញឱ្យធនាគារ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៤នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២៣៥៨,៩៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៦%ដល់២៣៧២,៩០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១០នាទីព្រឹក។

យោងតាមក្រសួងការងារអាមេរិកបានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយរដ្ឋាភិបាល ក្នុងពេលគ្មានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម២៣៨.០០០នាក់ កាលពីសប្តាហ៍មុន បើប្រៀបធៀបនឹងការព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹមចំនួន២៣៥.០០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI)របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រនេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៤,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,៥៨ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨១%ដល់៣០,៥៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០៦%ដល់៩៨៣,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៤%ដល់៩១៩,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១១នាទីព្រឹកថ្ងៃសុក្រនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here