តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីរថក្រោះរបស់ប្រទេសអុីស្រាអែលបានឈានចូលទៅដល់តំបន់ហ្គាហ្សា ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភអំពីភ្លើងសង្គ្រាមឆាបឆេះកាន់តែខ្លាំង។

តម្លៃប្រេងឆៅ Brent futures សម្រាប់ការចែកចាយនៅខែសីហាបានកើនឡើង៨សេនដល់៨៥,១៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0008 GMT។ ប៉ុន្តែ តម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures សម្រាប់ចែកចាយនៅខែមិថុនាបានធ្លាក់ចុះ២៧សេនមកត្រឹម៨១,៣០ដុល្លារក្នុងមួយបារ៉ែល។

យោងតាមការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១%ប៉ុណ្ណោះ កាលពីខែឧសភា បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់០,៣%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យដទៃផ្សេងទៀត ដូចជា ទិន្នន័យស្តីពីចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៤,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់ត្រឹម១០៥,២៧ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើគោលនយោបាយរបស់ធនាគារកណ្តាលអង់គ្លេស(BoE)។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,២២ភាគរយគិតត្រឹមម៉ោង១០:២៨នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៦៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៤៦ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៧៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here