តើទីផ្សារអចលនទ្រព្យចិនទាំងមូលមានស្ថានភាពបែបណា ក្រោយពីរដ្ឋាភិបាលជួយជំរុញសាច់ប្រាក់របស់អ្នកអភិវឌ្ឍន៍?

ដោយ: គង់ លាងហួរ
ប៉េកាំង: ការវិនិយោគលើទីផ្សារអចលនទ្រព្យនៅប្រទេសចិនបានធ្លាក់ចុះ១០,១% ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៤ ធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ៩,៨% ក្នុងចន្លោះខែមករាដល់ខែមេសា ទោះជាមានកិច្ចខិតខំដើម្បីស្តារ និងបង្កើនទំនុកចិត្តនៅក្នុងវិស័យនេះឡើងវិញយ៉ាងណាក្តី។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា ការលក់អចលនទ្រព្យ ក្នុងចន្លោះខែមករាដល់ខែឧសភា បានធ្លាក់ចុះ២០,៣% ធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ២០,២% នៅក្នុងចន្លោះខែមករាដល់ខែមេសា។

យោងតាមតួលេខពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញទៀតថា តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួន៧០ទូទាំងប្រទេសចិនបានធ្លាក់ចុះ០,៧% ក្នុងខែឧសភាបើធៀបនឹងខែមេសា ដែលនេះជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិនធ្លាប់មានគិតចាប់​តាំង​ពី​ខែតុលា ឆ្នាំ២០១៤។

ស្របពេលជាមួយគ្នានេះ ការចាប់ផ្តើមសាងសង់លំនៅដ្ឋានថ្មីៗ បានធ្លាក់ចុះ២៤,២% បើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ២៤,៦% ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលនិធិ ដែលប្រមូលបានដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ២៤,៣% ធៀបនឹងឆ្នាំមុន បន្ទាប់ពីបានជួបប្រទះនឹងការធ្លាក់ចុះចំនួន២៤,៩% ក្នុងចន្លោះខែមករាដល់ខែមេសា។

កាលពីខែឧសភាកន្លងទៅ ប្រទេសចិនបានប្រកាសដាក់ចេញចំណាត់ការជាប្រវត្តិសាស្ត្រ ដើម្បីស្តារទីផ្សារអចលនទ្រព្យឱ្យមានស្ថិរភាពឡើងវិញ ដូចជាការបញ្ជាឱ្យរដ្ឋបាលក្នុងតំបន់មូដ្ឋានប្រមូលទិញផ្ទះពីអ្នកអភិវឌ្ឍន៍ដែលខ្វះខាតសាច់ប្រាក់ និងជំរុញតម្រូវការលំនៅដ្ឋាន។

ប៉ុន្តែ ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគបាននាំគ្នាលើកឡើងថា វិធានការនេះប្រហែលជាមិនមានប្រសិទ្ធភាពខ្លាំងចំពោះវិស័យអចលនទ្រព្យនៅប្រទេសចិននោះទេ រហូតទាល់តែយើងមើលឃើញថា តម្លៃផ្ទះចាប់ផ្តើមកម្រើកឡើងមកវិញ។

ក្រុមអ្នកវិភាគបានអះអាងទៀតថា “វិធានការនានា រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ដល់សហគ្រាសរដ្ឋដើម្បីយកទៅទិញផ្ទះពីអ្នកអភិវឌ្ឍន៍ដែលមានបញ្ហាសាច់ប្រាក់ នឹងត្រូវការពេលវេលា ទម្រាំតែអាចមានប្រសិទ្ធភាពលើទីផ្សារអចលនទ្រព្យ”៕ប្រភព:Reuters & CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here