ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភអំពីជម្លោះនៅក្នុងទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា ទោះបីជាតម្រូវការប្រេងបង្ហាញសញ្ញាពីការថយចុះយ៉ាងណាក្តី។
ប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង៦សេនដល់៨៥,៣៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0016 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១០សេនដល់ត្រឹម៨១,៦៧ដុល្លារក្នុងមួយបារ៉ែល។
យោងតាមការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១%ប៉ុណ្ណោះ កាលពីខែឧសភា បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់០,៣%។
ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យដទៃផ្សេងទៀត ដូចជា ទិន្នន័យស្តីពីចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចផ្តល់នូវភាពច្បាស់លាស់បន្ថែមទៀតលើសុខភាពសេដ្ឋកិច្ចអាមេរិក។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ដែលត្រូវបានជំរុញជាចម្បងដោយសារតែការហក់ឡើងថ្លៃនៃភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅលើពិភពលោក។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ១,០៣ភាគរយគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៨៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១០ភាគរយ៕