តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់នៅថ្ងៃព្រឹកពុធនេះ ខណៈទិន្នន័យ​បង្ហាញថា ការលក់​រាយ​របស់​សហរដ្ឋ​អាមេរិក​បានកើនឡើងទាបជាងការរំពឹងទុក ​ដែលការណ៍នេះជួយ​ពង្រឹង​ក្តី​សង្ឃឹម​ថា ធនាគារកណ្តាលអាមេរិនឹង​បញ្ចុះ​អត្រា​ការ​ប្រាក់​នៅ​ឆ្នាំ​នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣%ដល់២៣៣១,៣៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៤%ដល់២.៣៤៦ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៥នាទីព្រឹក។

យោងតាមការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១%ប៉ុណ្ណោះ កាលពីខែឧសភា បើធៀបនឹងការព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់០,៣%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យដទៃផ្សេងទៀត ដូចជា ទិន្នន័យស្តីពីចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចផ្តល់នូវភាពច្បាស់លាស់បន្ថែមទៀតលើសុខភាពសេដ្ឋកិច្ចអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,២៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១%ដល់២៩,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៩%ដល់៩៨១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៨%ដល់៨៩២ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១៧នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here