ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យពីគេហទំព័ររបស់ប្រទេសអង់គ្លេស Merchant Machine បានឱ្យដឹងថា ពលរដ្ឋអូស្ត្រាលីនាំមុខគេទី១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក។
ព័ត៌មាននេះ ត្រូវបានវាស់វែងតាមរយៈការចំណាយប្រាក់ច្រើនជាងគេបំផុតចំនួន៣.០៧៨ដុល្លារ ក្នុងពេលដើរកំសាន្តនៅបរទេស តាមពីក្រោយដោយពលរដ្ឋ ប្រទេសកូរ៉េខាងត្បូង ដែលចំណាយប្រាក់ចំនួន៣.០៤០ដុល្លារ ក្នុងពេលដើរកំសាន្តនៅបរទេស។
ចំណែកពលរដ្ឋសិង្ហបុរី គឺជាប្រភពភ្ញៀវទេសចរណ៍ ដែលចំណាយប្រាក់ច្រើនជាងគេទី៣ នៅលើពិភពលោក សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ដោយពលរដ្ឋសិង្ហបុរី ចំណាយប្រាក់អស់ជាមធ្យម២.៩៦៦ដុល្លារនៅក្រៅប្រទេស។
ចំណែក ពលរដ្ឋអ៊ីស្លង់ បានជាប់ចំណាត់ថ្នាក់លេខ៤ ដោយចំណាយប្រាក់អស់ ជាមធ្យម២.៤៧០ដុល្លារ ក្នុងពេលដើរកំសាន្តនៅបរទេស ខណៈចំណាត់ថ្នាក់លេខ៥ បានទៅលើភ្ញៀវទេសចរណ៍ព័រទុយហ្គាល់ ដែលចំណាយប្រាក់អស់ ជាមធ្យម២.១៦៦ដុល្លារក្នុងពេលដើរកំសាន្តនៅបរទេស។
ផ្ទុយទៅវិញ ភ្ញៀវទេសចរណ៍មកពីប្រទេសចិន ដែលត្រូវបានគេចាត់ទុកថាជា “ទីផ្សារទេសចរណ៍ក្រៅប្រទេស ដ៏ធំបំផុតរបស់ពិភពលោក” បានជាប់ចំណាត់ថ្នាក់ទី១០ ទូទាំងពិភពលោក ដោយចំណាយប្រាក់អស់ជាមធ្យម ចំនួន១.៨៨៦ដុល្លារ ក្នុងពេលដើរកំសាន្តនៅបរទេស។
ដើម្បីចងក្រងបញ្ជីនេះឡើង ក្រុមអ្នកវិភាគរបស់គេហទំព័រ Merchant Machine បានប្រើប្រាស់ទិន្នន័យទេសចរណ៍របស់អង្គការសហប្រជាជាតិ ដើម្បីលាតត្រដាងថា តើពលរដ្ឋរស់នៅក្នុងបណ្តាប្រទេសចំនួន៩៤ នៅលើពិភពលោក ចំណាយប្រាក់អស់ប៉ុន្មានក្នុងអំឡុងពេលវិស្សមកាលនៅក្រៅប្រទេស៕ប្រភព: Vnexpress៕