តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះស្របពេលដែលទស្សនវិស័យតម្រូវការកាន់តែមានភាពរឹងមាំ ហើយក្រុមវិនិយោគិនមានទំនុកចិត្តថា អង្គការ OPEC + អាចផ្អាកផែនការកាត់បន្ថយការផ្គត់ផ្គង់ប្រេងចាប់ពីត្រីមាសទី៤ ឆ្នាំនេះ។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង២១សេនដល់៨៤,៤៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0001 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៦សេនដល់៨០,៤៩ដុល្លារក្នុងមួយបារ៉ែល។

ក្រុមអ្នកវិនិយោគកំពុងរង់ចាំតាមដានយ៉ាងដិតដល់លើការអត្ថាធិប្បាយមតិនាពេលខាងមុខពីសំណាក់លោក John Williams ដែលជាប្រធានធនាគារ Fed ប្រចាំទីក្រុងញូវយ៉ក និងលោកស្រី Lisa Cook ដែលជាទេសាភិបាលធនាគារFed។

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យនៃការលក់រាយរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ព្រមទាំងទិន្នន័យស្តីពីចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចផ្តល់នូវភាពច្បាស់លាស់បន្ថែមទៀតលើការប្រើប្រាស់ និងសេដ្ឋកិច្ចអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦២,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់១០៥,៤១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់១០៥,៣២ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់ និងខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលអូស្ត្រាលី(RBA)។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃប្រមាណ០,៦៨ភាគរយគិតត្រឹមម៉ោង១០:១៥នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,០៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,១៩ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300របស់ប្រទេសចិន បានងើបឡើងថ្លៃ០,២៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,៣៣ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៩៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here