តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះកាលពីថ្ងៃច័ន្ទម្សិលមិញ ខណៈក្រុមវិនិយោគិនកំពុងរង់ចាំអ៊ុតមើលទិន្នន័យសេដ្ឋកិច្ចអាមេរិក និងការបញ្ចេញមតិយោបល់ពីសំណាក់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក ដើម្បីវាស់ស្ទង់ពេលវេលា និងល្បឿននៃការបញ្ចុះអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៣%ដល់២៣២៤,១៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៤%ដល់២៣៣៩,២០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០១នាទីព្រឹក។

ក្រុមអ្នកវិនិយោគកំពុងរង់ចាំតាមដានយ៉ាងដិតដល់លើការអត្ថាធិប្បាយមតិនាពេលខាងមុខពីសំណាក់លោក John Williams ដែលជាប្រធានធនាគារ Fed ប្រចាំទីក្រុងញូវយ៉ក និងលោកស្រី Lisa Cook ដែលជាទេសាភិបាលធនាគារFed។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យនៃការលក់រាយរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ព្រមទាំងទិន្នន័យស្តីពីចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល ក្នុងអំឡុងពេលគ្មានការងារធ្វើ ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ(PMI) ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចផ្តល់នូវភាពច្បាស់លាស់បន្ថែមទៀតលើការប្រើប្រាស់ និងសេដ្ឋកិច្ចអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦២,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃវិញដល់១០៥,៤១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់១០៥,៣២ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៥%ដល់២៩,៦១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៩២%ដល់៩៧៩,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានស្ថិតនៅទ្រឹងត្រឹម៨៩៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៣នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here