ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងការជួញដូរនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីការស្ទង់មតិមួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហាញឱ្យឃើញថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងខែមិថុនានេះ។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៥សេនមកនៅត្រឹម៨២,៤៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0034 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានធ្លាក់ចុះ១៦សេនមកនៅត្រឹម៧៨,២៩ដុល្លារក្នុងមួយបារ៉ែល។
យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកផលិត(PPI) នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ ក្នុងអត្រា០,២ភាគរយនៅក្នុងខែឧសភា បន្ទាប់ពីកើនឡើង០,៥%នៅក្នុងខែមេសា។ រីឯសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)របស់សហរដ្ឋអាមេរិកបានស្ថិតក្នុងសភាពទ្រឹងនៅខែឧសភាបើធៀបនឹងខែមេសា។
លោក Neel Kashkari ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Minneapolis បានអះអាងកាលពីថ្ងៃអាទិត្យថា “វាគឺជាការព្យាករណ៍មួយដ៏សមហេតុផល ដែលថា ធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះក្នុងឆ្នាំ២០២៤នេះ ដោយយើងត្រូវរង់ចាំរហូតដល់ខែធ្នូខាងមុខ”។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកត្រឹម១០៥,៥៣ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បើធៀបនឹងកម្រិត១០៥,៥៥ពិន្ទុក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភអំពីទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក(Fed) និងទិន្នន័យសូចនាករសេដ្ឋកិច្ចចិន ដែលបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះប្រមាណ០,១៥ភាគរយគិតត្រឹមម៉ោង១០:១៣នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៨២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,២៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300របស់ប្រទេសចិន បានធ្លាកថ្លៃចុះ០,២៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣១ភាគរយ៕