ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈពេលដែលក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកអះអាងថា ធនាគារនេះអាចនឹងបញ្ចុះអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះនៅឆ្នាំ២០២៤នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៣%ដល់២៣២២,៥៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥០%ដល់២៣៣៧,៣០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:០០នាទីព្រឹក។
យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកផលិត(PPI) នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ ក្នុងអត្រា០,២ភាគរយនៅក្នុងខែឧសភា បន្ទាប់ពីកើនឡើង០,៥%នៅក្នុងខែមេសា។ រីឯសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)របស់សហរដ្ឋអាមេរិកបានស្ថិតក្នុងសភាពទ្រឹងនៅខែឧសភាបើធៀបនឹងខែមេសា។
លោក Neel Kashkari ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Minneapolis បានអះអាងកាលពីថ្ងៃអាទិត្យថា “វាគឺជាការព្យាករណ៍មួយដ៏សមហេតុផល ដែលថា ធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះក្នុងឆ្នាំ២០២៤នេះ ដោយយើងត្រូវរង់ចាំរហូតដល់ខែធ្នូខាងមុខ”។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកត្រឹម១០៥,៥៣ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បើធៀបនឹងកម្រិត១០៥,៥៥ពិន្ទុក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៨%ដល់២៩,៣៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៤២%ដល់៩៦២,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៦%ដល់៨៩៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:០៣នាទីព្រឹកថ្ងៃច័ន្ទនេះ៕