ទីភ្នាក់ងារIEAព្រមានថា ការផ្គត់ផ្គង់ប្រេងនឹងកើនឡើងលើសតម្រូវការជាក់ស្តែងនៅឆ្នាំ២០៣០

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA) ​បានព្រមាន​ថា​ ពិភព​លោក​អាចនឹងប្រឈមមុខ ជាមួយការ​ផ្គត់​ផ្គង់​ប្រេង​លើសពីតម្រូវការក្នុងទ្រង់​ទ្រាយ​ធំ​ នៅ​ឆ្នាំ២០៣០​ខាងមុខ​ ខណៈ​​ការ​ងាក​​ទៅប្រើប្រាស់ថាមពល​ស្អាត​ បានធ្វើ​ឱ្យ​តម្រូវ​ការ​ប្រេងធ្លាក់ចុះ។

ទីភ្នាក់ងារ IEA បានគូសបញ្ជាក់ពីការព្យាករណ៍ នៅក្នុងរបាយការណ៍របស់ខ្លួនថា​ “តម្រូវកា​រ​ប្រេងសកល ​នឹង​ស្ថិតនៅទ្រឹងត្រឹម១០៦លាន​បារ៉ែលក្នុងមួយថ្ងៃ​ នៅ​​ចុង​ទសវត្សរ៍​នេះ​ ​ខណៈ​សមត្ថភាព​នៃការផ្គត់​ផ្គង់​ប្រេងសរុប ​អាចកើនឡើងដល់​១១៤លាន​បារ៉ែល​ ក្នុងមួយថ្ងៃ​ ដែល​ការណ៍នេះមានន័យថា ការ​ផ្គត់​ផ្គង់​នឹងមានអត្រាលើសពីតម្រូវការចំនួន​​៨លាន​បារ៉ែល​ក្នុងមួយថ្ងៃ​”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នៃការ​ព្យាករណ៍​ខាងលើនេះ ត្រូវបានចេញ​ផ្សាយ​​ត្រឹមតែប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះ ក្រោយ​ពីអង្គការ​​បណ្តាប្រទេស​នាំ​ចេញ​ប្រេង​ និង​សម្ព័ន្ធ​មិត្ត​ (OPEC+) ​​បាន​ផ្តល់​សញ្ញា​ថា​ ខ្លួននឹង​បន្តអនុវត្តន៍​​ការ​​កាត់​បន្ថយ​ការផលិតប្រេង ​​​រហូតដល់ឆ្នាំ២០២៥ ​ដើម្បី​ជំរុញ​​តម្លៃ​ប្រេង ​ខណៈ​តម្រូវ​ការ​​កំពុងធ្លាក់ចុះនាពេលថ្មីៗនេះ។

​​ក្នុង​របាយការណ៍​ដដែល ទីភ្នាក់ងារ ​​IEA ​បាន​កត់​សម្គាល់​ថា​ កាលពីឆ្នាំ២០២៣ បណ្តា​ប្រទេស​នៅតំបន់អាស៊ី​ ដែល​កំពុងមាន​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ដូច​ជា​ប្រទេសចិន​ ​​គួបផ្សំ​នឹង​វិស័យ​អាកាសចរណ៍ ​និង​គីមី​ឥន្ធនៈ​ បាន​ជំរុញ​ឱ្យ​​តម្រូវការ​​ប្រេង មានកម្រិតជាង១០២លាន​បារ៉ែល​ក្នុងមួយថ្ងៃ។

យ៉ាង​ណា​មិញ​ ការ​ងាក​​​ទៅ​ប្រើប្រាស់រថយន្ត​អគ្គិសនី​ រួម​ជាមួយ​នឹង​ការ​កើន​ឡើង ​នៃប្រសិទ្ធភាព​ថាមពល​ សម្រាប់​រថយន្ត​ធម្មតា​ និង​ការ​ធ្លាក់ចុះ ​នៃ​ការ​ប្រើ​ប្រាស់​ប្រេង​​នៅតំបន់មជ្ឈិមបូព៌ា ​សម្រាប់​ការ​ផលិត​អគ្គិសនី​ នឹង​​​ធ្វើឱ្យ​កំណើន​​តម្រូវ​ការ​​​ប្រេងសកលធ្លាក់ចុះ។

លើស​ពី​នេះ​ ​​សមត្ថភាព​នៃការផលិត​ប្រេង​ ហាក់​កំពុង​កើន​ឡើង​ ​ដែលនាំ​មុខ​ ដោយ​​សហរដ្ឋ​អាមេរិក​ និង​បណ្តាប្រទេស​ដទៃ​ទៀត​នៅ​ទ្វីប​អាមេរិក​ ដែល​ការណ៍​នេះ ​នឹងជំរុញឱ្យ​ការ​​ផ្គត់​ផ្គង់​ប្រេង​កើនឡើងលើសពីតម្រូវការ​ ដែលអាចជះ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ សម្រាប់​ទីផ្សារ​ប្រេង​ និងសេដ្ឋកិច្ច​របស់បណ្តាប្រទេសសមាជិកអង្គការ​ OPEC ក៏​ដូច​ជា​​ឧស្សាហកម្ម​ទាញ​ប្រេង​​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​៕ប្រភព:CNBC ៕

LEAVE A REPLY

Please enter your comment!
Please enter your name here