ធនាគារ ហត្ថា ចូលរួមបរិច្ចាគបរិក្ខារពេទ្យ ដែលមានតម្លៃ ៨០.០០០.០០០ រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមបរិច្ចាគបរិក្ខារពេទ្យដែលរួមមានការតំឡើងប្រព័ន្ធបន្សុទ្ធទឹកវេជ្ជសាស្ត្រ និង​ ឧបករណ៍​ Ophthalmoscope និង Retinoscopy (Welch Allyn) សម្រាប់ការធ្វើរោគវិនិច្ឆ័យភ្នែក ដែលមានតម្លៃជាង ៨០.០០០.០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ក្រោមប្រធានបទ “រួមគ្នាសាងអនាគតកុមារកម្ពុជា”   ព្រមទាំងផ្តល់ជូននូវសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ការចូលរួមបរិច្ចាគនេះ គឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់មន្ទីរពេទ្យកុមារអង្គរ និងមើលឃើញពីភាពចាំបាច់នៃគ្រឿងបរិក្ខារពេទ្យទាំងនេះ ក្នុងការជួយសង្គ្រោះអ្នកជំងឺទាំងអស់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំងមូល។

សូមបញ្ជាក់ថា ធនាគារ​ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍ និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។ ដូច្នេះ ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នេះគឺបង្ហាញយ៉ាងច្បាស់ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយវាស្របទៅតាមគុណតម្លៃស្នូល និងសសរស្តម្ភមួយនៃកិច្ចការងារសង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឱ្យកាន់ល្អតែប្រសើរ។

លោក Wee Mun Seng ប្រធានអគ្គនាយកស្តីទី នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ជាមួយនឹងកិច្ចការងារទំនួលខុសត្រូវសង្គមរបស់ធនាគារ ហត្ថា យើងយល់យ៉ាងច្បាស់អំពីទស្សនៈវិស័យ និងបេសកកម្មរបស់មន្ទីពេទ្យកុមារអង្គរក្នុងការជួយសង្គ្រោះដល់អ្នកជំងឺដែលជាកុមារមកពីគ្រួសារក្រីក្រនៅទូទាំងប្រទេសដែលបានមកទទួលសេវាព្យាបាលនៅទីនេះ ហើយការផ្តល់ជូននូវបរិក្ខារពេទ្យរបស់ធនាគារ ហត្ថា គឺជាចំណែកមួយក្នុងការចូលរួមថែទាំ និងព្យាបាលដល់ការកុមារកម្ពុជាដែលជាធនធានដ៏សំខាន់សម្រាប់កម្ពុជានាពេល​​​     អនាគត។ ការផ្តល់ជូននៅថ្ងៃនេះ គឺពិតជាជួយដល់មន្ទីរពេទ្យក្នុងការផ្តល់សេវាកម្មកាន់តែល្អប្រសើរបន្ថែមទៀត និងមានប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺទាំងអស់”។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ជំនួយសប្បុរស និងការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា បានជះឥទ្ធិពលវិជ្ជមានដល់ជីវិតកុមាររាប់ម៉ឺននាក់តាមរយៈសេវាកម្ម ការព្យាបាល និងគម្រោងរបស់មន្ទីរពេទ្យ។ យើងមានកិត្តិយសដែលមានធនាគារ ហត្ថា ជាដៃគូ ហើយរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

LEAVE A REPLY

Please enter your comment!
Please enter your name here