ដោយ: គង់ លាងហួរ
ហាណូយ: កម្ពុជាជាប់ក្នុងចំណោមបណ្តាប្រទេសចំនួន៥ ដែលបាននាំចេញផ្លែចេកទៅកាន់ប្រទេសចិនច្រើនជាងគេ គិតចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤។នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយសារពត៌មាន Vnexpress។
ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៣ ដែលបាននាំចេញផ្លែចេកចំនួន៩៨.៧៣៧តោនទៅកាន់ប្រទេសចិន។ រីឯ ប្រទេសអេក្វាទ័របានជាប់ចំណាត់ថ្នាក់លេខ៣ ដែលបាននាំចេញផ្លែចេកចំនួន៧៨.៨១៦តោនទៅកាន់ប្រទេសចិន។
ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសវៀតណាមដែលបាននាំចេញផ្លែចេកចំនួន៣៥៥.០០០តោនទៅកាន់ទីផ្សារចិន ខណៈដែលចំណាត់ថ្នាក់លេខ២បានទៅលើប្រទេសហ្វីលីពីនដែលបាននាំចេញផ្លែចេកទៅកាន់ទីផ្សារចិនចំនួន១៤៧.៦៨៣តោន។
ប្រទេសឡាវបានជាប់ចំណាត់ថ្នាក់លេខ៥ ដែលបាននាំចេញផ្លែចេកចំនួន៤០.៨៣៧តោនទៅកាន់ប្រទេសចិន ខណៈប្រទេសផ្សេងៗទៀតបាននាំចេញត្រឹមតែ៨.៣៥៥តោនប៉ុណ្ណោះ។
ប្រសិនបើគិតពីបរិមាណ ការនាំចេញផ្លែចេកពីវៀតណាមទៅកាន់ប្រទេសចិនចាប់ពីខែមករាដល់ខែមេសា បានកើនឡើង២២%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ ទំហំប្រាក់ចំណូលសរុបបានកើនឡើងត្រឹមតែ៣% ដល់១៤៥លានដុល្លារអាមេរិកប៉ុណ្ណោះ ព្រោះតែ តម្លៃផ្លែចេកបានធ្លាក់ចុះ១៦% មកនៅត្រឹម៤០៧,៧ដុល្លារក្នុងមួយតោន។
ថ្នាក់ដឹកនាំប្រតិបត្តិមួយរូបនៅក្រុមហ៊ុននាំចេញផ្លែចេកមួយកន្លែងក្នុងខេត្ត Dong Nai បានថ្លែងប្រាប់កាសែត VnExpress ថា ការធ្លាក់ចុះនៃតម្លៃនេះគឺដោយសារតែមានការប្រកួតប្រជែងចាប់តាំងពីប្រទេសចិនបានធ្វើពិពិធកម្មប្រភពអ្នកផ្គត់ផ្គង់របស់ខ្លួន និងនាំចូលបរិមាណផ្លែចេកដ៏ច្រើនពីបណ្តាប្រទេសផ្សេងទៀតក្រៅពីវៀតណាម និងហ្វីលីពីន។
ថ្នាក់ដឹកនាំប្រតិបត្តិរូបនោះបានបន្ថែមថា “ប្រទេសវៀតណាមកំពុងនាំចេញបរិមាណផ្លែចេកទៅកាន់ទីផ្សារចិនបានច្រើនជាងហ្វីលីពីន ខណៈទិន្នផល និងគុណភាពផ្លែចេករបស់ហ្វីលីពីនបានធ្លាក់ចុះ ដោយសារតែការប្រែប្រួលអាកាសធាតុ”។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាមបានអះអាងថា “ថ្លៃចំណាយលើការដឹកជញ្ជូនពីហ្វីលីពីនទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងគំហុកនៅឆ្នាំនេះ ដោយធ្វើឱ្យចេករបស់ហ្វីលីពីនមានតម្លៃថ្លៃជាងចេករបស់វៀតណាម”៕ប្រភព: Vnexpress៕