តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃសុក្រនេះ 

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈពេលដែលទីផ្សារបានវាយតម្លៃផលប៉ះពាល់នៃអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដោយធៀបទៅនឹងការរំពឹងទុកនៃកំណើនតម្រូវការប្រេងឆៅ និងប្រេងឥន្ធនៈនៅឆ្នាំនេះ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៧២សេនមកនៅត្រឹម៨២,០៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0100 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានធ្លាក់ចុះ៧៩សេនមកនៅត្រឹម៧៧,៨៤ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកផលិត(PPI) នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ ក្នុងអត្រា០,២ភាគរយនៅក្នុងខែឧសភា បន្ទាប់ពីកើនឡើង០,៥%នៅក្នុងខែមេសា។ រីឯសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)របស់សហរដ្ឋអាមេរិកបានស្ថិតក្នុងសភាពទ្រឹងនៅខែឧសភាបើធៀបនឹងខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៦,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃតិចតួចដល់១០៥,២៣ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បើធៀបនឹងកម្រិត១០៥,២០ពិន្ទុក្នុងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភអំពីទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក(Fed) ដែលបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,១១ភាគរយគិតត្រឹមម៉ោង១០:១២នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,០៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៤៤ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300របស់ប្រទេសចិន បានធ្លាកថ្លៃចុះ០,៤៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here